ពិធីសម្ពោធ អគារតំាងលក់រថយន្តប្រណិត Bentley ថ្ងៃទី ៣១ ឧសភា ២០១៨

Date : 05/31/2018

កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៨កន្លងទៅនេះ ក្រុមហ៊ុន អេចជីប៊ី គ្រុប (HGB Group) បានប្រកាសសម្ពោធជាផ្លូវការនូវសាលតាំងលក់ថ្មីរបស់ក្រុមហ៊ុនរថយន្ត Bentley ភ្នំពេញ ដែលជាក្រុមហ៊ុនលក់ផ្ដាច់មុខសម្រាប់ម៉ាកយីហោរថយន្តប្រណីតរបស់អង់គ្លេសនេះ ដោយសាលតាំងលក់នេះ ស្ថិតនៅក្នុងរាជធានី។

ក្រុមហ៊ុន Bentley ភ្នំពេញ មានទីតាំងស្ថិតនៅ ដងមហាវិថីព្រះមុន្នីរ៉េត ហើយមានលក់គ្រប់ម៉ូដែលទាំងអស់របស់រថយន្ត Bentley ក៏ដូចជាឈុតសម្ភារៈប្រណីតដែល សុទ្ធសឹងធ្វើឡើងដោយដៃផ្ទាល់។ សាលតាំងលក់ថ្មីនេះឆ្លុះបញ្ចាំងឲ្យឃើញពីអត្តសញ្ញាណសកល របស់ក្រុមហ៊ុន Bentley ហើយបង្ហាញពីប្រវត្តិដ៏ត្រចះត្រចង់ របស់ម៉ាកយីហោនេះ នៅក្នុងលំហអគារស្រស់ស្អាត និងទំនើបទាន់សម័យ ដោយមានបំពាក់នូវឧបករណ៍ និងសង្ហារឹមដែលត្រូវបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្ន និងមានគុណភាពខ្ពស់ ដែលទាំងអស់នេះពិតជាឆ្លុះបញ្ចាំងឲ្យឃើញពីលក្ខណៈសម្គាល់របស់រថយន្ត Bentley ពិតៗ។


ពិធីបើកសម្ពោធសាល រថយន្ត Bentley

រថយន្ត Bentley ស៊េរី Bentayga V8
លោក ដេវីដ ជេកសុន (David Jackson) នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃ ក្រុមហ៊ុនរថយន្ត Bentley Motors បានមានប្រសាសន៍ថា៖ 

“សាលតាំងលក់ថ្មីនេះ ត្រូវបានរចនាឡើង ដើម្បីជួយឲ្យអតិថិជនរបស់យើងមានចក្ខុវិស័យរឹងមាំ ភ្លឺថ្លា និងទាន់សម័យ បានយល់ពីម៉ាកយីហោរថយន្ត Bentley ហើយសាលនេះត្រូវបានតុបតែងនូវភាពប្រណីតក្នុងកម្រិតស្មើគ្នា នឹងភាពប្រណីតដ៏ល្បីល្បាញរបស់រថយន្តយើងខ្ញុំផងដែរ។ ការសម្ពោធសាលតាំងលក់រថយន្ត Bentley ប្រចាំទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា គឺជាការចាប់ផ្ដើមនូវទំព័រប្រវត្តិសាស្ត្រថ្មី និងសបញ្ជាក់ឲ្យឃើញពីការកើនឡើងនូវវត្តមានដ៏រឹងមាំរបស់រថយន្ត Bentley នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។"

លោក ដេវីដ ជេកសុន (David Jackson)
លោក ហ៊ឺហ្វ្រីដ ហាសេនហ៊ល (Herfried Hasenoehrl) នាយកប្រតិបត្តិនៃក្រុមហ៊ុន អេចជីប៊ី គ្រុប បានប្រកាសថា៖ 

“យើងមានសេចក្តីរីករាយ ដែលក្រុមហ៊ុន HGB Group ត្រូវបានតែងតាំងដើម្បីធ្វើជាតំណាងឲ្យម៉ាកយីហោរថយន្ត Bentley ដែលជាម៉ាកយីហោរថយន្តពិសេស និងទទួលបានការគោរពកោតសរសើរយ៉ាងខ្លាំង។ ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងនិរន្តរភាព ក៏ដូចជាស្ថិរភាពនយោបាយ។ សហគ្រិន និងម្ចាស់អាជីវកម្មជោគជ័យកំពុងតែបង្កើតភាពជោគជ័យនៅក្នុងសហគមន៍ពាណិជ្ជកម្ម។ ដូច្នេះ គ្មានអ្វីដែលគួរភ្ញាក់ផ្អើលទេ នៅពេលដែលមើលឃើញថា នៅកម្ពុជាកំពុងមានការកើនឡើងនូវការឲ្យតម្លៃចំពោះហត្ថកម្មដែលមានគុណភាពខ្ពស់ ការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងភាពឥតខ្ចោះនៃដំណើរការ សម្រាប់ផលិតផលផ្សេងៗ។ យើងនឹងធ្វើការបម្រើសេវាកម្មដល់អតិថិជនរបស់យើងនៅក្នុងសាលតាំងលក់ថ្មីនេះ ក៏ដូចជានៅឯទីតាំងផ្ដល់សេវាកម្មថែទាំ ដែលបច្ចុប្បន្ននេះក៏កំពុងបើកទ្វារដើម្បីស្វាគមន៍ដល់ម្ចាស់រថយន្ត Bentley ផងដែរ។ "

លោក ហ៊ឺហ្វ្រីដ ហាសេនហ៊ល (Herfried Hasenoehrl)
សាលតាំងលក់ថ្មីដ៏ទំនើបទាន់សម័យនេះ គឺជាសមិទ្ធផលមួយទៀតនៃការបោះជំហានរបស់ក្រុមហ៊ុនរថយន្ត Bentley ក្នុងទីផ្សារកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន អេចជីប៊ីគ្រុប គឺជាក្រុមហ៊ុនលក់ផ្ដាច់មុខសម្រាប់រថយន្ត Bentley នៅរាជធានីភ្នំពេញ ហើយនឹងមានលក់គ្រប់ម៉ូដែលទាំងអស់ដល់អតិថិជន រួមមានម៉ូដែល Mulsanne, Bentayga, Flying Spur និងរថយន្ត Continental GT ស៊េរីថ្មី។


​ក្រុមហ៊ុន អេច​ជី​ប៊ី គ្រុប ខូ អិល​ធី​ឌី (HGB Group Co., Ltd.) គឺជា​ក្រុមហ៊ុន​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ 2012 ហើយ​មាន​ការិយាល័យ​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ប្រទេស​សិង្ហ​បុរី​។ ក្រុមហ៊ុន ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​លើ​វិស័យ​យានយន្ត ម្ហូបអាហារ និង​ភេសជ្ជៈ និង​ឧស្សាហកម្ម​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ឡាវ​។​