ពិធីសម្ពោធភោជនីយដ្ឋានដ៏ល្បីរបស់ចិន Little Sheep Hot Pot​ សាខាទី២ នៅផ្សារទំនើបអ៊ីអន២

Date : 05/29/2018

ភោជនីយដ្ឋានដ៏ល្បី Little Sheep Hot Pot បានបើកដំណើរការសាខាទី២ នៅក្នុងប្រទេសកម្ពុជា គឺនៅផ្សារទំនើបអ៊ីអនទី២។ ភោជនីយដ្ឋានបានបើកដំណើរការសាខាទី២ជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៩ ឧសភា ២០១៨  គឺនៅចំថ្ងៃ បើកសាកល្បងផ្សារទំនើបអ៊ីអនទី២នៅព្រះរាជាណាចក្រកម្ពុជា ។ ភោជនីយដ្ឋាននេះដែរ ត្រូវបាននាំចូលផ្តាច់មុខក្នុងប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុន HGB Food Industry ដោយបានបើកសាខាទី១នៅអគារលេខ 27 ផ្លូវលេខ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីចុងឆ្នាំមុន។ 
ភោជនីយដ្ឋាន Little Sheep Hot Pot  បានបើកដំបូងបង្អស់នៅម៉ុងហ្គោល  ប្រទេសចិន ក្នុងឆ្នាំ ១៩៩៩ ដោយបានជ្រើសរើសយកសាច់ចៀម លេខ១ ដែលកំណត់យកតែសត្វចៀមមានអាយុត្រឹម១៨០ថ្ងៃ មកធ្វើជាម្ហូបអាហារ ទោះតិចឬលើសក៏មិនយកដែរ ។
ដោយមើលឃើញពីលក្ខណៈពិសេសនៃ ភោជនីយដ្ឋាន Little Sheep Hot Pot  ព្រមជាមួយនឹងភាពល្បីល្បាញនៅក្នុងប្រទេសចិនផងនោះ ទើបក្រុមហ៊ុន HGB Food Industry បាននាំយកភោជនីយដ្ឋានមកបើកនៅក្នុងប្រទេសកម្ពុជាដំបូង កាលពីឆ្នាំ ២០១៧នៅតាមបណ្ដោយផ្លូវប៉ាស្ទ័រ កែងផ្លូវសម្ដេចប៉ាន ។ ការបើកដំណើរការសាខាទី២របស់ ភោជនីយដ្ឋាន Little Sheep Hot Pot នៅផ្សារទំនើបអ៊ីអនទី២នេះ ដោយសារតែបានមើលឃើញថា នៅសាខាទី១ មានការគាំទ្រនិងជឿជាក់ជាច្រើនពីប្រជាពលរដ្ឋកម្ពុជា ហើយពេលខ្លះ ស្ទើរតែរកកន្លែងសម្រាប់អង្គុយគ្មាន ទើបក្រុមហ៊ុនសម្រេចបើកនៅផ្សារអ៊ីអនម៉ល២មួយទៀតតែម្ដង ។ 
គួរបញ្ជាក់ថា ភោជនីយដ្ឋាន Little Sheep Hot Pot នេះមានសាខាជាង៣០០កន្លែង នៅលើពិភពលោក ហើយនៅកម្ពុជាក៏គ្រោងនឹងបង្កើតបន្ថែមផងដែរ ទៅតាមតម្រូវការទីផ្សារជាក់ស្ដែង ៕